ប្រវត្តិសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាម
ឆ្នាំ១៩៦៣ក្នុងសម័យរាជានិយម ទីកន្លែងនេះបានបង្កើតអាគារជាច្រើនខ្នង ដែលជាស្នាព្រះហស្ដរបស់ព្រះបាទសម្តេច នរោត្តមសីហនុ ដោយមានជំនួយពីបរទេសគឺប្រទេសចិន ហើយបានដាក់ឈ្មោះថា សាកលវិទ្យាល័យភូមិន្ទកំពង់ចាម។
លុះពីឆ្នាំ១៩៧០ ដល់ ១៩៧៥ ប្រទេសកម្ពុជាបានជួបប្រទះសង្គ្រាម ដ៏សាហាវមួយបានធ្វើឱ្យកន្លែងនេះ ក្លាយទៅជាសមរភូមិ ប្រយុទ្ធយ៉ាងខ្លាំងធ្វើឱ្យអាគារទាំងអស់ខ្ទេចខ្ទីស្ទើរតែទាំងអស់ ចំណែកដីនៅ សេសសល់តែគ្រឹះ និងមានគ្រាប់បែក គ្រាប់មីន ជាច្រើន ជាហេតុធ្វើឱ្យកន្លែងនេះ ទុកចោលរហូត។
លុះដល់ឆ្នាំ១៩៨៧ ទើបក្រសួងផ្តល់ថវិការៀបចំជាបណ្តើរៗ បានចំនួន៣អាគារ ដល់ឆ្នាំ១៩៩០ មានអង្គការ រ៉េដបាណា មកជួយសាងសង់លើគ្រឹះចាស់ និងជួសជុលបន្ថែម ចំពោះអាគារទ្រុឌទ្រោម ដែលសាង ដោយ ក្រសួងអប់រំ បានរួចរាល់ជាស្ថាពរនៅឆ្នាំ១៩៩៩ ដែលមានអាគារចំនួន១២ខ្នង និងបង្គន់ពីរកន្លែង ។
លុះឆ្នាំ២០០៤មានអង្គការJHPបានសាងសង់អាគារពីរជាន់ចំនួនមួយខ្នង និងបង្គន់អនាម័យ ៣បន្ទប់ ឆ្នាំ២០០៦អង្គការ BETTសាងសង់អាគារស្នាក់នៅមួយខ្នងពីរជាន់ និងបង្គន់អនាម័យ ៨បន្ទប់ បន្ទប់ទឹក ពីរបន្ទប់ និងជួសជុលអាគារចាស់ដែលទ្រុឌទ្រោមចំនួន១១ខ្នង បង្គន់អនាម័យពីរកន្លែងទៀត។